បព្វជិត
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/2/2f/Mendicant_Monk_Sitting_on_Xindong_Street%2C_Taipei_20140103.jpg/200px-Mendicant_Monk_Sitting_on_Xindong_Street%2C_Taipei_20140103.jpg)
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/0/0d/Monks_of_Mugey_Gonpa_in_the_main_hall.jpg/200px-Monks_of_Mugey_Gonpa_in_the_main_hall.jpg)
បព្វជិតៈ - បព្វជិត (អង់គ្លេស: monk , pabbajitaថៃ: บรรพชิต , นักพรต,出家人 ) គឺសំដៅលើអ្នកដែលបួសចូលកាន់ភេទជាសមណៈ (samana) នៅក្នុងលទ្ធិណាមួយ។ ភេទជាបព្វជិត គឺខុសពីគ្រហស្ថ (អ្នកនៅគ្រប់គ្រងផ្ទះ) ដែលបព្វជិត តែងតែរស់នៅតែម្នាក់ឯង ឬរស់នៅជាក្រុមក្នុងទីណាមួយ ដើម្បីព្យាយាមដុតកំដៅកិលេសក្នុងសន្តាន ដើម្បីការរួចផុតចាកទុក្ខ និងដឹកនាំអ្នកដទៃអោយរួចផុតទុក្ខផង។ ក្នុងការធ្វើតបៈនេះ(ដុតដៅនូវកិលេស) អ្នកបួសនៅក្នុងសាសនានីមួយៗ តែងមានការប្រព្រឹត្តប្រតិបត្តិខុសៗគ្នា ទៅតាមការប្រៀនប្រដៅរបស់មេលទ្ធិនោះៗ។ ពាក្យថាបព្វជិតនេះ គេអាចហៅបានច្រើនយ៉ាង មានដូចជា ព្រះសង្ឃ សមណៈ អ្នកបួស ភិក្ខុ ។ល។ ដែលតាមរយៈការហៅនោះ នៅក្នុងភាសាខ្មែរផ្នែកពុទ្ធសាសនា ពាក្យទាំងនេះមានការបកស្រាយប្លែកគ្នាបន្តិចបន្តួច ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ គេអាចប្រើពាក្យទាំងនោះជំនួសគ្នាបាន។
បព្វជិតក្នុងព្រះពុទ្ធសាសនា[កែប្រែ]
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/4/4f/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%83%E1%9E%9F%E1%9E%98%E1%9E%B6%E1%9E%92%E1%9E%B7%E1%9E%93%E1%9F%85%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%9A%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%9C%E1%9F%86%E1%9E%B6%E1%9E%84.jpg/330px-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%83%E1%9E%9F%E1%9E%98%E1%9E%B6%E1%9E%92%E1%9E%B7%E1%9E%93%E1%9F%85%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%9A%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%9C%E1%9F%86%E1%9E%B6%E1%9E%84.jpg)
នៅក្នុងពុទ្ធសាសនា ពាក្យថាបព្វជិត គឺសំដៅលើអ្នកដែលចូលកាន់ភេទជាសមណៈនៅក្នុងពុទ្ធសាសនា គោរពប្រតិបត្តិតាមពុទ្ធោវាទ (ឱវាទរបស់ព្រះពុទ្ធ)។ ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ដែលប្រព្រឹត្តព្យាយាមដុតកំដៅបាបធម៌ ធ្វើកាយវាចាចិត្តអោយស្ងប់ចាកបាប អាចហៅថាបព្វជិតបានទាំងអស់។ ឯពាក្យថាសង្ឃ គឺសំដៅលើក្រុម ភិក្ខុ ឬអ្នកបួសច្រើនរូប។ ដោយការសន្មត គេអាចចាត់ទុកភិក្ខុមួយអង្គ ឬក៏សាមណេរមួយរូប ថាជាសង្ឃបាន ក្នុងន័យនេះ គឺគេមិនចំពោះលើបុគ្គលណាមួយឡើយ។ ឧទាហរណ៍ដូចជា និមន្តព្រះសង្ឃសូត្រមន្ត គឺសំដៅលើអង្គណាក៏បាន មិនចំពោះថាត្រូវតែជាភិក្ខុអង្គនេះ ឬអង្គនោះឡើយ។
នៅពេលដើរផ្លូវ បព្វជិតមួយអង្គៗ ត្រូវបានអនុញ្ញាតិអោយមានបរិក្ខារ៨យ៉ាងជាប់ខ្លួន គឺ ស្បង់ ចីវរ សង្ឃាដី សំពត់ងូត បាត្រ កាំបិតកោរ ម្ជុលដេរ និងបំពង់ទឹក។
គេអាចចំណាំបុគ្គលម្នាក់ជាបព្វជិតបានដោយការស្លៀកពាក់។ សំលៀកបំពាក់របស់អ្នកបួស គឺខុសពីអ្នកធម្មតា ដែលនៅគ្រប់គ្រងផ្ទះ។ ជាទួទៅ ក្នុងការរស់នៅរបស់អ្នកបួស លោកតែងប្រើប្រាសនូវត្រៃចីវរពណ៌លឿងទុំ។ ជាការពិតណាស់ នៅតាមតំបន់ផ្សេងៗ គេឃើញមាន បរិក្ខារនេះ ពណ៌លឿងខ្លះ ពណ៌ឈាមជ្រូកខ្លះ នោះគឺអាស្រ័យទៅតាមការជ្រលក់ និងវត្ថុធាតុដើមសំរាប់ជ្រលក់ក្រណាត់នៅតាមតំបន់នោះៗ។ ចំណែកឯនៅស្រុកខ្មែរ គេសំគាល់ថា ព្រះភិក្ខុ ដែលមានទ្រទ្រង់ចីរវពណ៌លឿងខ្ចី គីជាភិក្ខុផ្នែកមហានិកាយ ឯភិក្ខុដែលទ្រទ្រង់ចីវរពណ៌លឿងទុំ គឺជាភិក្ខុផ្នែកធម្មយុត្តិ។ បើទោះជាមាននិកាយផ្សេងគ្នាក៏ដោយ ក៏និកាយទាំងពីរនេះ ជាព្រះពុទ្ធសាសនាបែបថេរវាទតែមួយ។
បព្វជិតចិញ្ចឹមជីវិតដោយការបិណ្ឌបាត ឬការនិមន្តពីទាយក (អ្នកអោយទាន) ដើម្បីទទួលភត្ត (អាហារ) ដោយហេតុថា ភិក្ខុមិនត្រូវបានអនុញ្ញាតិអោយធ្វើការរកស៊ីដូចជាអ្នកស្រុក ម្យ៉ាងទៀត ការបិណ្ឌបាតនេះ គឺដើម្បីសង្គ្រោះដល់សត្វលោក។ ក្នុងមួយថ្ងៃ ពួកលោកអាចឆាន់ (បរិភោគ) បានតែពេលព្រឹកប៉ុណ្ណោះ គឺចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃត្រង់ (ដែលសម័យបច្ចុប្បន្ន គេសំគាល់ថាម៉ោង១២)។ ចំណែកពេលរសៀល ឬល្ងាយ អាចបានតែភេសជ្ជៈប៉ុណ្ណោះ។
ការសូត្រធម៌របស់បព្វជិត ក៏ដូចជាពុទ្ធសាសនិកជនទួទៅ គឺសូត្រដើម្បីរំលឹកដល់គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ គឺមិនដើម្បីប្រាថ្នារបស់ណានីមួយពីព្រះរតនត្រ័យឡើយ។
នៅក្នុងប្រទេសមួយចំនួន ដូចជា ប្រទេសកម្ពុជា ថៃ ភូមា ឪពុកម្តាយភាគច្រើន តែងតែបញ្ជូនកូនប្រុសរបស់ខ្លួនអោយបួសក្នុងពុទ្ធសាសនាក្នុងរយៈពេលណាមួយ។ អ្នកដែលមានឧបនិស្ស័យនឹងព្រះពុទ្ធសាសនា ក៏សម្រេចចិត្តនៅក្នុងភេទជាអ្នកបួសបន្តទៅទៀត។
នៅក្នុងប្រទេសស្រីលង្កា អ្នកដែលសម្រេចចិត្តចូលសាងផ្នួស កាន់ភេទជាបព្វជិតហើយ បែរជាសឹកមកជាឃរាវាស (អ្នកគ្រប់គ្រង់ផ្ទះ) វិញ នឹងត្រូវបានទទួលការរិះគន់ពីសំណាក់ញាតិទាំងឡាយ។
ក្នុងសម័យបច្ចុប្បន្ននេះ ផ្នែកពុទ្ធសាសនាថេរវាទ ស្ត្រីភាពមិនអាចចូលបួសជាភិក្ខុនីបានទេ ដោយហេតុថា ភេទភិក្ខុនីត្រូវបានផុតពូជហើយ ម្យ៉ាងទៀត ការបួសជាភិក្ខុនី ត្រូវធ្វើឡើងដោយពីរគណៈ គឺ គណៈភិក្ខុសង្ឃ និងគណៈភិក្ខុនីសង្ឃ។ តួយ៉ាងដូចជា នៅក្នុងសិលាចារឹករបស់ព្រះបាទអសោក ដែលព្រះអង្គ ត្រូវបញ្ជូនបុត្រីគឺព្រះនាងសង្ឃមិត្តាថេរី ដែលជាភិក្ខុនី ទៅកោះលង្កា តាមការស្នើរសុំរបស់ព្រះបាទទេវានម្បិយតិស្ស ដើម្បីនឹងបំបួសភិក្ខុនីនៅកោះលង្កានោះ។
ផ្នែកខាងទីបេ ប្រទេសចិន ភាគច្រើនជាព្រះសង្ឃពុទ្ធសាសនាផ្នែកមហាយាន។ ខាងមហាយាននេះ គេឃើញមានស្ត្រីអាចបួសជាភិក្ខុនីបាន។ ការគោរពវិន័យ ក៏មានការធូររលុង តួយ៉ាងដូចជា ពុទ្ធសាសនានៅប្រទេសជប៉ុន ដែលព្រះសង្ឃត្រូវបានអនុញ្ញាតអោយមានភរិយា ជាដើម។
កំណត់[កែប្រែ]
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: បព្វជិត |