Jump to content

រាមាធិបតីទី៤

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អង្គឌួង)

រាមាធិបតីទី៤

រជ្ជកាល ១៨៤១-១៨៥៩

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៨៤១
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គឌួង
មរណៈនាម សម្ដេច ព្រះបរមកោដ្ឋ
ក្សត្រមុន ស្រីសុរិយោពណ៌ទី២
រាជបន្ត នរោត្ដម
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៧៩៦
បុត្រ អង្គទ្រីម៉ាល់ (១៨៣១)
អង្គអ៊ូ (១៨៣៣)
អងច្រលឹង (១៨៣៤)
អង្គសរ (១៨៤១)
អង្គភឹម (១៨៤២)
អង្គកំប្លាង (១៨៤៩)
ចូលទីវង្គត់ ១៨៦០
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

រាមាធិបតីទី៤អង្គឌួង (អង់គ្លេស: Reamea Thipadei IV) or (Ang Duong) (ប្រ.ស|គ.ស ១៧៩៦-១៨៦០) រជ្ជកាលគ្រងរាជ (គ.ស ១៨៤១-១៨៥៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣៨៩ ត្រូវនិង គ.សករាជ ១៨៤៥ ត្រូវនិង មហាសករាជ ១៧៦៨ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គឌួង ទ្រង់ជាបុត្រាពៅ នៃព្រះរាមាធិបតី អង្គអេង ហើយទ្រង់ឡើងសោយរាជដោយមានការជ្រោមជ្រែងគាំទ្រពីសំណាក់ពួកសៀមផងដែរ ។[១]

កម្ពុជាក្រោមគំនាបសៀម[កែប្រែ]

Cambodia under Siam pressure

ព្រះអង្គឌួងដែលបានឡើងសោយរាជផ្លូវការណ៍នៅកម្ពុជាក្នុងឆ្នាំ ១៨៤៥ ព្រះអង្គបាននាំយកស្ថាបត្យកម្ម ទំនៀមទម្លាប់សៀម ចូលមកក្នុងព្រះបរមរាជវាំងឧដុង្គ ហើយភាសាសៀមត្រូវបានក្រសួងព្រះបរមរាជវាំងលើកជាភាសាថ្នាក់ខ្ពស់ផងដែរ ដើម្បីឱ្យមន្ត្រីខាងសៀមឃើញថាកម្ពុជាគឺស្ថិតនៅជាចំណុះនគរសៀម ព្រះអង្គឌួងការដែលសោយរាជនៅកម្ពុជាទ្រង់ស្ទើរតែមិនអាចនិយាយភាសាខ្មែរបាននោះទេ ។ គ.សករាជ ១៨៤៧ មន្ត្រីទ័ពសៀមនាម ព្យាបឌិន (Pya Bodin) បានដកកងកម្លាំងរបស់ខ្លួន ដែលស្ថិតនៅក្នុងក្រុងឧដុង្គដែលមានចំនួនជាង ៦,០០០ (៦ពាន់នាក់) ឱ្យត្រឡប់ទៅកាន់ប្រទេសសៀមវិញ ក្រោយពេលកម្ពុជាយល់ព្រមថ្វាយនូវសួយសាអាករទៅកាន់នគរសៀម ។ ក្រោយការចាកចេញរបស់មន្ត្រីទ័ពកំពូលរបស់សៀម ព្រះអង្គឌួងបានរៀនភាសាខ្មែរឡើងវិញផងដែរ ទោះជាមន្ត្រីទ័ពសៀមចាកចេញក៏ពិតមែនប៉ុន្តែក៏នៅមានមន្ត្រីសៀម និង ពួកចារកិច្ចសៀមជាច្រើនទៀតនៅចាំផ្ដល់នូវពត៌មានផ្សេងៗទៅកាន់ស្ដេចសៀម ហើយក៏មានមន្ត្រីខ្មែរមួយចំនួនរណបសៀមដើម្បីផលប្រយោជន៍ផងដែរ ។ ព្រះបាទអង្គឌួង ទ្រង់មានមហេសី ១អង្គ ស្នំឯក១អង្គ ស្នំឯករង ៣អង្គ និង មានអ្នកម្នាងចំនួន ៣០០ អង្គ ដែលអ្នកម្នាងទាំងអស់នោះត្រូវបាននាំចូលមកថ្វាយចំពោះព្រះមហាក្សត្រ ដោយក្រុមគ្រួសាររបស់ពួកគេដែលមានមុខតំណែងជាមន្ត្រីផ្សេងៗ ។ ដើម្បីបម្រើឱ្យការដោះដូរទំនិញ ព្រះអង្គឌួង បានសម្រេចបោះនូវរូបបិយវត្ថុរបស់ជាតិ ដែលមានទម្រង់ជាប្រាក់កាស ដែលមានរូបសត្វហង្ស និង ម្ខាងទៀតជារូប ប្រាសាទ ដែលរូបបិយវត្ថុនេះត្រូវដាក់ឱ្យចរាចរណ៍នៅអំឡុងខែសីហា ឆ្នាំ ១៨៤៧ រូបិយវត្ថុនោះត្រូវបានហៅថា ប្រាក់ណែន ។[២] [៣]

ការរើខ្លួនពីឥទ្ធិពលសៀម[កែប្រែ]

Moving from Siam influence

ព្រះបាទអង្គឌួងអំឡុងពេលទ្រង់គង់នៅក្រុងធន់បុរី (បាងកក) ទ្រង់បានមើលឃើញពីការរីកចំរើនរបស់នគរសៀម ដោយការការដោះដូរទំនិញតាមរយៈទូកសំពៅក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ហើយទ្រង់បានមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចនៃកំពង់ផែក្រុងធន់បុរីផងដែរ ដែលពោពេញទៅដោយទំនិញរបស់ពួកបរទេសលោកខាងលិច ដូចនេះហើយក្នុងឆ្នាំ ១៨៤៩ ព្រះអង្គឌួង ទ្រង់បានសំរេចសាងសង់ផ្លូវចំនួនពីរ ដែលចាប់ត្រួសត្រាយសាងសង់ ពីក្រុងឧដុង្គ ទៅ ខេត្តកំពត និង ចេញពីតំបន់ ភ្នំពេញ ទៅច្រកសមុទ្រ កំពង់សោម ផងដែរ ដើម្បីសំរេចបានការតភ្ជាប់ផ្លូវលំហូរសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ការធ្វើផ្លូវលំហូរសេដ្ឋកិច្ចនេះត្រូវបានដឹងដល់ពួកមន្ត្រីចារកិច្ចនគរសៀម ដូចនេះពួកចារកិច្ចសៀមបានបញ្ចូនរបាយការណ៍អំពីរឿងនេះ ទៅកាន់ស្ដេចសៀម រាមាទី៣ ដូចនេះហើយស្ដេចសៀមបានបញ្ជូន មន្ត្រីទ័ព ព្យាបដិន ឱ្យត្រឡប់មកកម្ពុជាម្ដងទៀតដើម្បីឃ្លាំមើលអំពីរឿងនេះ ។ ព្រះបាទអង្គឌួង ក្រោយពេលដឹងថាសៀមបញ្ជូនមន្ត្រីអង្កេតការរឿងនេះ នោះប្រាកដណាស់សៀមនិងជំទាស់ ដើម្បីកុំឱ្យកម្ពុជាមានឱ្យកាសធ្វើពាណិជ្ជកម្មនិង ពួកលោកខាងលិច ដូចនេះហើយ ព្រះបាទអង្គឌួង បានបិតបាំងអំពីរឿងនេះ ចំណែកឯភាគីសៀមនៅតែបន្តតាមដាន និង សង្ស័យអំពីបញ្ហានេះ ។ រយៈពេលអស់ជាច្រើនខែ ដែលកម្ពុជាមិនមានសកម្មភាពសាងសង់ផ្លូវលំហូរសេដ្ឋកិច្ចទាល់តែសោះ មន្ត្រីទ័ពសៀម ព្យាបដិន បានត្រឡប់ទៅវិញ ប៉ុន្តែពួកគេបានសុំយកបុត្ររបស់ព្រះអង្គឌួងមួយចំនួនយកទៅសិក្សានៅឯធន់បុរី ដែលមើលទៅឃើញថាពួកសៀមយកចិត្តទុកដាក់ និងធ្វើល្អជាមួយកម្ពុជាណាស់ ប៉ុន្តែធាតុពិត បុត្ររបស់ព្រះអង្គឌួងត្រូវជាប់ជាចំណាត់ខ្មាំងបន្តទៀត ដើម្បីកុំឱ្យកម្ពុជាមានការងាករេចេញពីសៀម ក្រោយពេលមន្ត្រីទ័ពសៀមចាកចេញពីកម្ពុជា ព្រះបាទអង្គឌួង បានមានព្រះតម្រិះឃើញថា បើបណ្ដោយឱ្យមន្ត្រីចារកិច្ចសៀមធ្វើព្យុះភ្លៀងក្នុងកិច្ចការនយោបាយនគរកម្ពុជាទៀតមិនកើតទេ ដូចនេះ ព្រះអង្គឌួង បានបង្កើតលេះនិងការចោទប្ដឹងតាមរយៈអ្នកម្នាងសៀមរបស់ព្រះអង្គ ដើម្បីរឹបអូសអំណាចមន្ត្រីសៀមក្នុងជួរមន្ត្រីរាជការកម្ពុជា ក្រោយពេលព្រះអង្គឌួងរឹបអូសដកដំណែងមន្ត្រីសៀម ក្នុងជួរមន្ត្រីរាជការកម្ពុជារួចហើយ ព្រះអង្គឌួងបានសាងសង់ផ្លូវលំហូរសេដ្ឋកិច្ចក្នុងឆ្នាំ ១៨៥០ ដើម្បីរើខ្លួនចេញពីឥទ្ធិពលសៀម ។[៤] [៥]

ការធ្វើពាណិជ្ជកម្មជាមួយពួកអុឺរ៉ុប[កែប្រែ]

Trade with Europeans

ការរងគំនាបសេដ្ឋកិច្ចពីប្រទេសជិតខាង តាមរយៈការបាត់បង់កំពង់ផែសំខាន់ៗ ២ របស់កម្ពុជា គឺកំពង់ផែអូកែវ (Óc Eo) ដែលស្ថិតនៅ ខេត្តពាម (Hà Tiên) ដែលជាអតីតទឹកដីរបស់កម្ពុជា ដែលបាត់បង់ទៅអណ្ណាមក្នុងឆ្នាំ ១៧៥៨ ក្នុងរាជព្រះនរាយ៍រាជា អង្គតន់ទី២ បន្ទាប់ពីអណ្ណាមចូលច្បាំងដណ្ដើមយកពី ក្រុមគ្រួសារម៉ក់កូវ (Mac Cuu Family) ដែលចូលកាន់កាប់ខេត្តពាម របស់កម្ពុជាពីឆ្នាំ ១៧០៥ រហូតដល់ ១៧៥៨ ដែលមានរយៈពេល ៥៣ឆ្នាំ ។ កំពង់ផែសំខាន់មួយទៀតរបស់កម្ពុជា គឺកំពង់ផែក្រុងព្រៃនគរ ដែលបាត់បង់ទៅអណ្ណាម ក្នុងឆ្នាំ ១៦៩៨ ក្នុងរាជ ព្រះជ័យជេស្ឋាទី៣ នៃ រជ្ជកាលទី៣ ការបាត់បង់នេះដោយសារតែ ចៅហ្វាយខេត្តកម្ពុជា នាម "អមនរិន្ទ" បានក្បត់ និង ព្រះរាជាកម្ពុជា ហើយ បានកាត់យកក្រុងព្រៃនគរមួយកំណាត់ទៀតទៅភ្ជាប់ និង តំបន់យ៉ាដិញរបស់អណ្ណាម ដូចនេះហើយព្រះចៅអណ្ណាម ក៏ផ្លាសប្ដូរឈ្មោះ យ៉ាឌិញ ឱ្យទៅជា ក្រុងសាយហ្គន (Saigon) ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ ក្រោយពេលព្រះអង្គឌួង ធ្វើផ្លូវលំហូរសេដ្ឋកិច្ចពីក្រុងឧដុង្គ ទៅខេត្តកំពត និង ពីភ្នំពេញ ទៅច្រកសមុទ្រកំពង់សោមរួចមក ការមកដល់នៅសំពៅឈ្មួញពួកអុឺរ៉ុប ដែលធ្វើដំណើរតាមដងទន្លេមេគង្គក្រោម បានមកដល់ក្រុងឧដុង្គ ដែលមានការទួលរាក់ទាក់ពីព្រះមហាក្សត្រកម្ពុជា ក្រុមឈ្មួញសំពៅ ដែលមានកាប់ពីទែនក្រុម ជាជនជាតិស្កុតលែន បានត្អូញត្អែរពីការលំបាករបស់ពួកគេ តាមរយៈការបកប្រែពីនាវិករបស់ពួកគេ ដែលជាជនជាតិសៀម ។ ក្រុមឈ្មួញសំពៅ បានត្អូញត្អែរ អំពីកង្វះខាតរបស់កម្ពុជា ក្នុងការគាំពារពួកគេ ពីការប៉ុនប៉នប្លន់ទំនិញតាមរយៈក្រុមចោរសមុទ្រ បន្ថែមលើបញ្ហាផ្សេងៗទៀត ដែលកម្ពុជាមានកង្វះខាតលំនៅដ្ឋានល្អៗសម្រាប់ក្រុមឈ្មួញផ្សេងៗទៀត ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ។ ព្រះអង្គឌួង ទ្រង់សណ្ដាប់ពាក្យត្អូញត្អែរ របស់ក្រុមឈ្មួញសំពៅ ដោយការយកចិត្តទុកដាក់ ហើយទ្រង់បានដាក់បញ្ជារ ឱ្យមន្ត្រីក្រោមឱវាឡ លើកកម្ពស់ ការធ្វើពាណិជ្ជម្មកម្ម ជាមួយពួកអុឺរ៉ុប ផងដែរ ។[៦]

ចំណារពន្យល់[កែប្រែ]

មូលហេតុដែលក្រុមប្រវត្តិវិទូរកម្ពុជាផ្លាសប្ដូរការសរសេរ ពីអង្គដួង ទៅជា អង្គឌួង

ឯកសារយោង[កែប្រែ]

  1. George Cœdès (1983) The Making of South East Asia, Publisher: University of California Press p.268 ISBN: 0520050614, 9780520050617
  2. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan p.113
  3. American Numismatic Society (1907- ) (1974) Museum Notes, Issues 19-20, Publisher: American Numismatic Society, Original from the University of California p.42
  4. Tham (Seong Chee) (1981) Essays on Literature and Society in Southeast Asia Political and Sociological Perspectives, Publisher: Singapore University Press p.360 ISBN: 9789971690366, 9971690365
  5. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
  6. Tham (Seong Chee) (1981) Essays on Literature and Society in Southeast Asia Political and Sociological Perspectives, Publisher: Singapore University Press p.360 ISBN: 9789971690366, 9971690365