Jump to content

អាប៉ោ

ពីវិគីភីឌា
អាប៉ោ
សាសនាពុទ្ធសាសនា
និកាយថេរវាទ
គណៈមហានិកាយ
បុគ្គលភាព
សញ្ជាតិខ្មែរ កម្ពុជា
កាន់តំណែងជាន់ខ្ពស់
គោរម្យងារព្រះអរិយញាណសាគរ រឺ ព្រះអរិយបញ្ញាសាគរ

ព្រះអរិយបញ្ញាសាគរអាប៉ោ រឺ ព្រះអរិយញាណសាគរអាប៉ោ ត្រូវបានតែងតាំងដោយព្រះបាទស្រីជេដ្ឋា នៅឆ្នាំ ១៥១៤ ជាចៅអធិការវត្តប្រាសាទ រឺ វត្តខ្មៅ ក្នុងបន្ទាយពិជ័យព្រៃនគរ។

ចៅអធិការ[កែប្រែ]

ឆ្នាំ ឆស័ក ព.ស. ២០៥៨-គ.ស. ១៥១៤-ម.ស. ១៤៣៦-ច.ស. ៨៧៦ កាល​តាំងខ្លួន​សោយរាជ្យ​ជា​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ក្នុង​ក្រុង​ស្រីសឈរ​រួចហើយ ទ្រង់​ព្រះ​តំរិះ​ថា៖ គួរ​គិត​រក​ជ័យ​ភូមិសាង​នគរ​ជា​ថ្មី ដ្បិត​ផ្លាស់​វង្ស​ថ្មី។ ទ្រង់​ព្រះ​តំរិះ​តែ​ម្ល៉ោះហើយ ក៏​លើក​ពួក​រាជ​សេវកាមហា​យោធាតាម​មាគ៌ា​រង្គាត់​គន់​រក​ទី​ជ័យ​ភូមិពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ​ក្នុង​ខែត្រ​ស្រីសឈរ​សោះ។ ស្ដេច​ទៅ​ឯ​ខេត្ដព្រៃវែង ក៏​ពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ លុះ​ប្រាំបី​ថ្ងៃ​ដល់​ស្ទឹង​ពាម​មេ​ត្រេក ខេត្ដ​បាភ្នំទើប​មាន​ទី​ទំនួល​ស្រួល​ល្អ ទ្រង់​ក៏​ឲ្យ​តាំង​បន្ទាយ​វាំង​នៅ​ទីនោះបានជា​ជាប់​ឈ្មោះ​នៅ​ទីកន្លែង​បឹង​កំពង់​ចៅហ៊្វា​១ កំពង់​យមរាជ​១ កំពង់​ក្រឡាហោម​កំពង់​ចក្រី​១ នៅ​ទីនោះឯ​អ្នកស្រុក​អំពី​ស្រុក​កណ្ដាល​ជ្រុំ​ជើង​បាក់ដែង​១ រោងដំរី​១ ព្រៃនគរ​១ គ្រប់​ទិស​តែង​ត្រេក​មេត្រី មក​ចុះចូល​ទៅ​ថ្វាយ​បណ្ដា​ការ​ច្រើន​ជា​អនេក ទើប​ទ្រង់​ប្រែ​ឈ្មោះ​ទី​ភូមិ​នោះ​ថា មេត្រេក​វិញ។ ទ្រង់​សាង​ព្រះ​នគរ​បាន​ ៨ ​ខែ​ពុំ​ទាន់​សំរេច ស្ដេច​ទ្រង់​ព្រះ​តំរិះ​យល់​ជា​ថ្មី​ថា៖ តាំង​ព្រះ​នគរ​នេះ​ជិត​ដែន​យួន​ណាស់ បើ​យួន​លើក​មក​នឹង​ពិបាក​កេណ្ឌ​ពល​ត​ច្បាំង​ឲ្យ​រួសរាន់​មិន​ទាន់​ការណ៍ ទ្រង់​ជំនុំ​ព្រះ​សេនាបតី​ហើយ ព្រមទាំង​រាជសេវកាមាត្យ មុខមន្ដ្រី ព្រះ​ស្នំក្រមការ​សេនា​យោធា​ទៅ​រក​ទីទៃ​ភូមិ​ក្នុង​ខែត្រ​ត្បូងឃ្មុំ។ លុះ​ដល់ទី​មួយអន្លើ​វាយគង​ហៅ​គ្នា​វាស់​នាទី​ជីកដី​ជា​ស្នាមភ្លោះក​បន្ទាយ​តែ ​៥​ សិន​បួន​ជ្រុង (៤០០០០ មាត្រ ១ សិន = ៤០ មាត្រ)។ កន្លែង​នោះ​មាន​ខ្លះ​មិន​ពេញចិត្ដ​ថា ដ្បិត​តូច​ខ្លះ​ថា​ទីនោះ​មិន​មាន​ជ័យ​ភូមិ​ល្អ​ទេតែ​វាយគង​ហៅ​ប្រជុំ​គ្នា​កាលណា​ស្ដី​ដោល​គ្នា​ថា ព្រោះ​គំនិត​អ្នក​នេះ​យ៉ាងនេះ​អ្នក​នោះ​យ៉ាងនោះ​កើតជា​ជំលោះ​ឈ្លោះ​ចេញ​ដោលគ្នា​វឹកវរ។ លុះ​មាន​រាស្ដ្រ​ទៅ​នៅ​ជាប់​ឈ្មោះ​ហៅ​ភូមិ​អាដោល​គង​ជ័យ បន្ទាយ​វរ​តាម​ហេតុ​ដែល​ជេរ​ដោល​គ្នា និង​វាយគង​រៀង​មក។ កាល​ធ្វើ​បន្ទាយ​នៅ​ទីនោះ​មិន​ស្រុះស្រួល​ហើយ ទើប​ទ្រង់​ពិនិត្យ​ទៅ​ឃើញ​ថាត្រូវ​ទៅ​រក​ទីកន្លែង​មួយទៀតឲ្យ​ជីកដី​ធ្វើ​បន្ទាយ ​៤​ សិន​បួន​ជ្រុងតែ​មិន​ទាន់​ហើយ​ទេ ទ្រង់​ឲ្យ​ឈ្មោះ​ហៅ​បន្ទាយ​ស្រឡប់​ពិជ័យ​នគរ​ធ្វើ​ជិត​នឹង​រួច​ហើយ​ពិគ្រោះ​ទៅ​យល់​ថាតូច​ទាប​ណាស់មិន​សមជា​ក្រុង​ធំមិន​ល្មម​នឹង​ពល​ប្រាំពីរ​ប្រាំបី​ស្បែក​នៅ​បាន​ឡើយ ហើយ​ទីនោះ​ទឹក​ក៏​ពុំ​សូវ​បរិបូណ៌ឃើញ​មាន​ទី​ខាងត្បូង​ទីនោះ​មានចំងាយ​ប្រមាណ​ប្រាំមួយ​ ប្រាំពីរ​សិនមាន​ដី​ទំនាប​ជ្រាប​មាន​ទឹក​មាន​ទួល​ល្អ ជំនុំ​ព្រម​ទើប​រើ​ពិធី​នោះទៅ​តាំង​បន្ទាយ​នៅ​ទីនោះ​បណ្ដោយ​ ២៥ ​សិន, ទទឹង​ ១៥ ​សិន, កំពស់ ​១៥ ​ហត្ថ (១ ហត្ថ = ០,៥ មាត្រ) ជា​បន្ទាយ​ស្ដេច​គង់។ ទ្រង់​ឲ្យធ្វើ​បន្ទាយ​មួយទៀត​នៅ​ខាងលិច​បន្ទាយ​ស្ដេច​គង់​នោះ​ចំងាយ​ ២ ​សិន បន្ទាយ​សំរាប់​ចំបាំង​ ទទឹង​ ៤ ​សិន, បណ្ដោយ​ ៦ សិន បន្ទាយ​ទាំង​ពីរ​នោះ​កំពស់​ខាងលើ​ ៣ ​ព្យាម, កំរាស់​ជើងទេ​ ៦ ​ព្យាម (១ ព្យាម = ២ មាត្រ) ​កំពស់​ម្ភៃ​ហត្ថ ស្នាមភ្លោះ​អម​បន្ទាយ​ដែល​ស្ដេច​គង់​នោះ​ទទឹង​ពីរ​សិន​ជុំវិញ។ ស្នាមភ្លោះ​បន្ទាយ​ចំបាំង​នោះ ​ទទឹង​មួយ​សិន បី​ជ្រុង​គិតតែ​ជ្រុង​ខាងជើង​ត្បូង ឯ​ក្នុង​បន្ទាយ​ស្ដេច​គង់​ទិស​ខាងលិច ទិស​ខាងកើត​បន្ទាយ​ចំបាំង​នេះដាក់​រោង​ដំរី ​រោង​សេះ រោង​ព្រះ​រាជយាន​ក្នុង​បន្ទាយ​ចំបាំង​នោះ​មាន​រោង​ទាហាន ​២២ ​ខ្នងព័ទ្ធ​ជុំវិញ​ក្នុង​បន្ទាយ​ដែល​ស្ដេច​គង់​នោះ មាន​កំពែង​កែវ​បី​ព័ទ្ធ​ជុំវិញ ហើយ​ឲ្យ​សាង​ប្រាសាទ​ពីរ សាង​ព្រះ​ចន្ទ​ឆាយា​ ១​ ដំណាក់​ព្រះ​ស្នំ ​២២ ក្នុង​ព្រះរាជ​មន្ទីរ​ធំ​នោះមាន​ក្រឡា​ព្រះ​បន្ទុំ​ធំ​មួយ ក្រឡាព្រះបន្ទុំ​តូច​ ៧​ សំរាប់​តែង​ព្រះ​អង្គ​ទ្រង់គ្រឿង​តាម​ថ្លៃ​ទាំង​ ៧។ ប្រាសាទ​ដំណាក់​ទាំង​ប៉ុន្មាន​សឹងតែ​ឲ្យ​លាប​ម្រ័ក្សណ៍​ជាតិ​ហិង្គលបិទមាស​ឆ្លុះ​រន្ទាល​ច្រាលឆ្អៅ។ ទ្រង់​ឲ្យ​ជីក​ស្រះស្រង់ សួនច្បារ ផ្កា​ស៊ុម​ខាងក្នុង​សំរាប់​ស្រង់ និង​សំរាប់ព្រះ​ស្នំ​ក្រមការ​ងូតទឹក​ខាង​មុខ​កំពែង​កែវ​នោះ។ ទ្រង់​ឲ្យ​ជីក​ស្រះ​ធំ​មួយ​ឲ្យ​ចៅពញា​វៀង​ជីក​ខាងត្បូង ចៅពញា​វាំង​ជីក​ខាងជើង ចៅពញា​ស្រាល​ជីក​ខាងកើត ចៅពញា​លំពាំង​ជីក​ខាងលិច ទំហំ​ស្រះ​នោះ​មួយ​សិន​ប្រាំ​ព្យាម​បួន​ជ្រុង ហើយ​ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​ស្រាល​គឺ​ទី​ក្រឡាហោម​ឲ្យ​ចាប់​ត្រី​ព្រួល រ៉ស់ ឆ្ដោរទៅ​លែង​ក្នុង​ស្រះ​ខាងក្នុង​ខាងក្រៅ​តាម​ស្នាមភ្លោះ​បន្ទាយ​នោះ។ ស្រុក​នោះសម្បូណ៌​ត្រីមិន​ឲ្យ​ខ្ញុំ​រាជការ​អត់ឃ្លាន ហើយ​ក្នុង​ព្រះរាជវាំង​នោះ ទ្រង់​ឲ្យធ្វើ​ថែវ​ជុំវិញ និង​រោង​ផ្លូវ​ដើរទៅ​មក​មិន​ឲ្យ​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ទេ។ ខាងក្រៅ​បន្ទាយ​ទាំង​ពីរ​នោះ ទ្រង់​ត្រាស់​ឲ្យធ្វើ​បន្ទាយ​ទាំង​ ៨​ ទិស​សំរាប់ចំបាំង ហើយ​ធ្វើ​ឃ្លាំង​តាំង​ទុក​ក្នុង​បន្ទាយ​ ១៥ ​ខ្នង​សំរាប់ដាក់​ស្រូវ​អង្ករ ត្រីងៀត ត្រីឆ្អើរ និង​ភោជនាហារ​សំរាប់​ចែកចាយ​សេនា​ទាហាន រេហ៍ពល​មិន​ឲ្យ​អត់​ឃ្លាន។ សម្ដេចព្រះ​ស្រីជេដ្ឋា​អង្គ​នេះ ព្រះ​អង្គ​ពុំ​មាន​អគ្គមហេសី​ទេ ព្រះ​អង្គ​មាន​ព្រះ​នាង​ជាលែងជា​កូនសម្ដេចចៅពញាហែងលើក​ឡើងជា​ស្នំ​ឯក។ ទ្រង់​សព្វព្រះទ័យ​នឹង​ព្រះ​ស្នំ​ឯក​ណាស់ ហើយ​តាំង​ប្អូន​ព្រះ​ស្នំ​ឯក​ជា​ស្នងធ្នឹម​ព្រះ​នគរ។ ឯ​បន្ទាយ​នោះ​មាន​ទ្វារធំ​ ៤ ទ្វារ​តូច​តាម​ជ្រុង​បន្ទាយ​ ៤។ ទ្វារធំ​ខាងកើត​ឲ្យ​ឈ្មោះ ហៅ​ថា ទ្វា​ចក្រឲ្យ​ពញា​ឆ្លូក​រាជការ​នៅ​រក្សា​ជា​ទ្វារ​សំរាប់​ស្ដេច​ឡើង​គង់​ព្រះ​បញ្ជា​ទត​ទិស​នានា។ ទ្វារធំ​ខាងត្បូង​ឲ្យ​ឈ្មោះ​ហៅថា​ ទ្វារ​ស្នង​ទ្រង់ ស្ដេច​ឲ្យ​ស្នង​ធ្នឹម​ព្រះ​នគរ​ជា​ប្អូនថ្លៃ​នៅ​រក្សា​ត្រួតត្រា ហើយ​ជា​សំរាប់​ស្ដេច​ចេញ​ទត​សេនា​ទាហាន​សម​ថ្វីដៃ។ ទ្វារធំ​ខាងលិច​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​រោង​ ស្ដេច​ឲ្យ​ពញា​រោង​រាជភក្ដី​នៅ​ត្រួតត្រា​សំរាប់ស្ដេច​ចេញ​ទត​ដំរី​សេះ​ ព្រះ​រាជយាន។ ទ្វារធំ​ខាងជើង​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​ត្រាច់ឲ្យ​ពញា​ត្រាច់​សារវន្ដ​នៅ​ត្រួតត្រា​សំរាប់​ស្ដេច​នាំ​ព្រះ​ស្នំក្រុម​ការចេញ​ទៅ​ប្រពាត​ព្រឹក្សា​ទាំងឡាយ​ជាទី​កំសាន្ដ​ព្រះរាជ​ហឫទ័យ។ ក្នុង​កំពែង​ព្រះ​វិហារ ស្ដេច​សាង​វត្ដសាង​ប្រាសាទ​មួយ ហើយ​យក​មាស​ខ្មៅ​សាង​ព្រះពុទ្ធរូប​មួយ​ព្រះ​អង្គ​មាន​ព្រះ​ភ្នែន​ ១២​ ធ្នាប់, កំពស់​ ២០ ​ធ្នាប់ (១ ធ្នាប់ = ០,០២១ មាត្រ) តំកល់​ក្នុង​ប្រាសាទ​នោះ។ ទ្រង់​តាំង​នាម​ហៅ​ព្រះ​អង្គ​ខ្មៅ ទ្រង់​តាំង​នាម​ចៅអធិការ​វត្ដ​នោះ​ថា ព្រះ​អរិយញាណ​សាគរ​អាប៉ោរួច​ប្រគេន​រេហ៍ពល​ ៥០០​ នាក់​ជា​សំរាប់​វត្ដ។ ទ្រង់​តាំង​នាម​វត្ដ​នោះ​ហៅ​ថា វត្ដ​ប្រាសាទ ខ្លះ​ហៅ​ថា​វត្ដខ្មៅ។ ឯ​អ្នក​ព្រះ​ម្នាង​ជាលែង​នោះ​សាង​វត្ដ​អារាម​មួយ​ខាងជើង​បន្ទាយ​ពិជ័យ​ព្រៃនគរ។ លុះ​សាង​រួច​ហើយ នាង​ឲ្យ​ជញ្ជូន​សព្វ​ទ្រព្យ​ទាំងពួង​ទៅ​គរ​ថ្វាយ​ព្រះ​រតនត្រ័យ​នៅ​ទីនោះ​បាន​ជាប់​ឈ្មោះ​មក​ហៅ​វត្ដគរ​សព្វ​ថ្ងៃនេះ។ ឯ​ក្រុង​ពិជ័យ​ព្រៃនគរ​នោះ​ទ្រង់​ឲ្យ​សាង​ថ្នល់​មួយ​តំរង់​ទៅ​ខេត្ដ​រោង​ដំរីដើម្បី​ជា​សំរាប់ព្រះ​អង្គ​យាង​ទៅ​ក្រសាល​សមុទ្រ​ថ្នល់​មួយ ទៅ​វត្ដ​ព្រះ​ធាតុ​ដើម្បី​ជា​សំរាប់ស្ដេច​ព្រះរាជ​ដំណើរ​ថ្វាយបង្គំ​គោរព​ព្រះ​បរម​ធាតុ​ព្រះអរហន្ដ​ថេរ

ក្រោយស្ដេចកនបរាជ័យ[កែប្រែ]

ឯពញាមន្ដ្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាជាកែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ោ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខែត្រត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។

គិតពីស្ដេចកន សោយរាជ្យជាសុខ ជាសម្ដេចព្រះស្រីជេដ្ឋាមកដល់ ព.ស. ២០៦០ គ.ស. ​១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័ក ត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទ ពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀត ត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំ សុវណ្ណគុតដោយអាវុធ។ [១]

ឯកសារយោង[កែប្រែ]

គោរម្យងារពុទ្ធសាសនា
មុនដោយ
មិនស្គាល់
ព្រះអរិយញាណសាគរ រឺ ព្រះអរិយបញ្ញាសាគរ
គ.ស.១៥១៤-ប្រ.១៥៦៧?
តដោយ
មិនស្គាល់
  1. វិគីសៀវភៅ